Sunday, June 6, 2021

ក្រុមការងារស្រុកបាភ្នំ ជួបប្រជុំកសាងផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២

អ្នកទស្សនា: Views

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នាសាលប្រជុំរបស់គណបក្សស្រុកបាភ្នំ ក្រុមការងារស្រុកបាភ្នំ សហការជាមួយគណបក្សស្រុក និងគណបក្សមូលដ្ឋានឃុំ ភូមិ បានជួបប្រជុំធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមរបស់គណបក្សប្រជាជនកម្ពុជាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

អង្គប្រជុំនេះ ដឹកនាំដោយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ និងមានការចូលរួមពីសំណាក់លោកស្រី អស់លោកជាអ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តព្រៃវែង ជាប្រធាន អនុប្រធានក្រុមការងារឃុំ រួមជាមួយអស់លោក លោកស្រីជាប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ជាប្រធាន អនុប្រធានគណបក្សឃុំទាំង៩ និងអស់លោក លោកស្រីជាប្រធាន អនុប្រធានសាខាបក្សភូមិទាំង១០៨ ក្នុងស្រុកបាភ្នំ សរុបមានអ្នកចូលរួមទាំងអស់ប្រមាណចំនួន ១៧០នាក់។

ដោយផ្អែកលើផែនការរួមខាងលើ អង្គប្រជុំបានធ្វើការពិភាក្សាការងារសំខាន់ៗសម្រាប់កសាងផែនការសកម្មភាពជាក់ស្តែង ដើម្បីជម្រុញចលនាផ្សារភ្ជាប់ជាប្រចាំជាមួយសហគមន៍មូលដ្ឋានភូមិ ជាមួយប្រជាជនតាមខ្នងផ្ទះ សំដៅសំរេចការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ គឺដណ្តើមឱ្យបានជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃដដែលនេះ ក្រុមការងារស្រុកបាភ្នំ សហការជាមួយមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ បាននាំយកអំណោយមួយចំនួនរួមមាន អង្ករ ស្បៀងអាហារ ថ្នាំពេទ្យ ម៉ាសពាក់មុខ និងថវិកាទៅចែកជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតបណ្តាលមកពីវិបត្តិកូវីដ-១៩ នៅក្នុងភូមិទាំង១៣ នៃឃុំឈើកាច់ ស្រុកបាភ្នំ៕


0 Reviews:

Post a Comment