គួរបញ្ជាក់ផងដែរថា លំនៅឋានអចិន្ត្រៃយ៍នេះ ដែលមានទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ ត្រូវបានសាងសង់តាមប្លង់ស្ថាបបត្យកម្មដោយរក្សាគម្លាតផ្នែកខាងមុខ ៥,៥ម៉ែត្រ និងគម្លាតខាងក្រោយ ៦,៥ម៉ែត្រ ដើម្បីឱ្យគ្រួសារប្រជាពលរដ្ឋ អាចសាងសង់សំណង់បន្ថែមនៅលើទីតាំងដីឡូតិ៍ផ្នែកក្រោយក្នុងទំហំអតិប្បរមា ៣,៥ម៉ែត្រ x ៤,៥ម៉ែត្រ ដែលមានគម្លាតពីរបងដីខាងក្រោយ១ម៉ែត្រ ការសាងសង់លំនៅឋាននេះ និងមានការចុះតាមដានត្រួតពិនិត្យជាប្រចាំពីក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកទេសលំនៅឋាន ដើម្បីធានានូវគុណភាព និងសុវត្ថិភាពផងដែរ។
លំនៅឋានទាំងនេះជាប្រភេទលំនៅឋានថ្មី ស្អាត សាងសង់ឡើងតាមលក្ខណៈស្តង់ដារបច្ចេកទេស ប្រកបដោយផាសុខភាព និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Cambodia Airport Investment។
សូមជម្រាបជូនថាកាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ដែលមានផ្ទៃក្រឡាត្រឹមតែ ៤០០ហិកតា ដែលទទួលអ្នកដំណើរបានត្រឹមប្រមាណ៥លាននាក់ តែប៉ុន្នោះ។
សូមបញ្ជាក់ផងដែរថា នេះជាកាដូដ៏តម្លៃមហិមា ដែលមិនអាចកាត់ថ្លៃបាន ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសភូមិសាស្រ្តខេត្តកណ្តាល និងមួយផ្នែកទៀត នៃខេត្តតាកែវ ដើម្បីធ្វើជាទីតាំងសម្រាប់ដំណើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីលំដាប់4F នៅលើផ្ទៃដីទំហំសរុប ២៦០០ហិកតា ដែលក្នុងនោះស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល មានទំហំ ២ ២១២.៣ហិកតា ឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកកណ្តាលស្ទឹង និងស្រុកស្អាង។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងមានសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០៥០។
ប្រភព៖ ឯកឧត្តម គង់ សោភ័ណ្ឌ
0 Reviews:
Post a Comment