ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, May 1, 2021

ប្រជាពលរដ្ឋរាជធានីភ្នំពេញជាង១៨ម៉ឺនគ្រួសារនៅតំបន់បិទខ្ទប់ បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាម រយៈ រដ្ឋបាលរាជធានីភ្នំពេញ

អ្នកទស្សនា: Views


រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមនានាជាមតិយោបល់ផ្សេងៗអំពីយន្តការក្នុងការទទួលអំណោយ ការបែងចែកអំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗថា មានការរើសអើង។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំពោះបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនដូចខាងក្រោម៖ ចាប់តាំងពីការផ្តើមអនុវត្តនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដោយមានការបិទខ្ទប់ផ្នែកខ្លះនៃខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នាថ្ងៃទី១០ ខែមេសាឆ្នាំ២០២១ និងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចវិបុល សេនាភក្តី អំណោយជំនួយសង្គមរបស់រាជរដ្ឋាភិបាល និងអំណោយសង្គ្រោះបន្ទាន់ ពីសប្បុរសជននានាក្នុងវិស័យឯកជន ទាំងក្នុងលក្ខណៈ ជាក្រុមហ៊ុននិងលក្ខណៈបុគ្គល ព្រមទាំងអំណោយរបស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិផ្សេងៗ ពីគ្រប់មជ្ឈដ្ឋាន ។ អំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមដឹកជញ្ជូនពីកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងបញ្ជាការដ្ឋានកងអង្គរក្សបញ្ជូនមកអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំចាត់ចែងបែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុង ភូមិសាស្ត្រខណ្ឌទាំង១៤ សរុបបានចំនួន ១៨៤,៤០៦ គ្រួសារ មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ហាលថ្ងៃ ហាលភ្លៀង ដោយមិនប្រកាន់ និន្នាការនយោបាយ ក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ ស្របគ្នានឹងការធានាឱ្យបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រចាំថ្ងៃ ដោយផ្តោតជាពិសេសទៅលើប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ។ ចំពោះយន្តការនៃការបែងចែកគឺបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា និងការចង្អុលបង្ហាញរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការ អនុវត្តវិធានការបិទខ្ទប់ ដោយបានយកចំនួនគ្រួសារ បន្ទប់ជួល និងអ្នកមានជីវភាពខ្វះខាតជាមូលដ្ឋាន និងធ្វើការបែងចែកប្រកបដោយ តម្លាភាពបានចំគោលដៅពិតប្រាកដ និងមានភាពឆាប់រហ័ស ព្រមទាំងធានាបាននូវសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ។ រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ ដំណើរការបែងចែកអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងអាហារបន្ទាន់ និង សូមឆ្លៀតឱកាសនេះ បន្តអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាព ក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញសូមការយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុតដល់ម្ចាស់អំណោយ ដែលមិនអាចចែកជូនដល់ដៃ ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ ដោយឈរលើមូលហេតុខ្លាចមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកចូលរួម ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តធ្វើការបែងចែកអំណោយឱ្យបានចំគោលដៅជូនប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងអាហារបន្ទាន់ចំពោះមុខបន្តទៀត ។ ឆ្លៀត ក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀតថាចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលនឹងបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់គ្រប់ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាមទីតាំងដែលបានកំណត់និងគោរពឱ្យបាននូវការ រក្សាគម្លាតសុវត្ថិភាពសង្គម រក្សាបាននូវសណ្តាប់ធ្នាប់ល្អ កុំប្រជ្រៀតគ្នា និងគោរពតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ៕

វិទ្យុជាតិកម្ពុជា ៖ ដោយ លោក ចន ណារិទ្ធ


0 Reviews:

Post a Comment