ព្រះវិហារ៖ អំណោយរបស់ឯក ឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារនិង ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ត្រូវបាននាំយកទៅប្រគល់ជូនដល់គណៈអភិបាល-ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងលោកមេភូមិគ្រប់ភូមិ នៅរសៀលថ្ងៃទី១៣ខែមេសាឆ្នាំ២០២១នេះ ដើម្បីអបអរសារទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១។
ពិធីនេះស្ថិតក្រោមវត្តមាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សា ឯកឧត្តម សេង សារី តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា និងឯកឧត្តម សួស យ៉ារ៉ា ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ និងមន្ត្រីរាជការជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រីមាស សុភា និងឯកឧត្តម សួស យ៉ារ៉ា ជូនចំពោះថ្នាក់ដឹកនាំ គណៈអភិបាលក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងលោកមេភូមិគ្រប់ភូមិ ដោយក្តីនឹករលឹកនិងការស្រឡាញ់រាប់អានដ៍ជ្រាលជ្រៅបំផុត។
ឯកឧត្តមបានបន្តទៀតថាស្របពេលនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីបង្ហាញឲ្យឃើញពីមនោសញ្ចេតនាគោរពស្រឡាញ់ រាប់អានដ៍ជ្រាលជ្រៅបំផុតពីសំណាក់ឯកឧត្តម និងបាននាំមកនូវកាដូរឆ្នាំថ្មី ដែលមានឃីតចំនួន១៤០០កញ្ចប់និងទឹកក្រូចចំនួន១៤០០កេស មកប្រគល់ជូនដល់ថ្នាក់ដឹកនាំ ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់និងលោកមេភូមិគ្រប់ភូមិផងដែរ។ អំណោយដែលប្រគល់ក្នុងឱកាសនោះគឺអភិបាល អភិបាលរង ក្រុមប្រឹក្សានិងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់និងលោកមេភូមិគ្រប់ភូមិ ទទួលបានទឹកក្រូច១កេសនិងឃីតសុវត្ថិភាពការពារជំងឺកូវីដ-១៩ចំនួន១កញ្ចប់ផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ចុះផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋ ចេះការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដែលវិធានការដ៍មានប្រសិទ្ធិភាពនោះ គឺអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ(៣កុំនិង៣ការពារ)។
ក្រោយពីបានចែកអំណោយរួចមក ឯកឧត្តម ប្រាក់ សុវណ្ណ និង ឯកឧត្តម ឡុង សុវណ្ណ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងសាលាខេត្តក៏បានរៀបចំធ្វើពិធីសូត្រមន្តដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់និង នាំមកនូវសេរីមង្គលក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មៃរឆ្នាំឆ្លូវ ត្រីស័កពុទ្ធស័ករាជ២៥៦៥៕
0 Reviews:
Post a Comment