ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, November 7, 2024

ក្រុមហ៊ុនចិន បង្ហាញផែនការពង្រីកការវិនិយោគ បង្កើតសួនឧស្សាហកម្ម និងបង្កើតរោងចក្រនៅកម្ពុជា

អ្នកទស្សនា: Views

ក្រុមហ៊ុន Guoxing Group Companies របស់ចិន ដែលជាក្រុមហ៊ុនមួយ​កំពុងវិនិយោគនៅកម្ពុជា បានបង្ហាញផែនការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតលើការបង្កើត​សួនឧស្សាហកម្ម និងបង្កើតរោងចក្រ។

ផែនការនេះ ត្រូវបានបង្ហាញដោយលោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies ក្នុងពេលចូលជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។

ក្នុងជំនួបនេះ លោកឧកញ៉ាប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចបវរធិបតី អំពីសកម្មភាពវិនិយោគ​នាពេល​កន្លងមករបស់ក្រុមហ៊ុននៅកម្ពុជា និងអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន​ក្នុង​រយៈ៥ឆ្នាំខាងមុខលើការបង្កើតសួនឧស្សាហកម្ម។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្ម​ដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។

លោកប្រធានក្រុមហ៊ុនបានបន្ថែមទៀតថា បណ្តាក្រុមហ៊ុនជាច្រេីន​របស់​ចិន​ បាន​ធ្វេីដំណេីរ​ទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជា៤លេីកមកហេីយ​ ក្រោមការ​សម្របសម្រួល​របស់​ Guoxing Group ដេីម្បី​ស្វែង​យល់ពី​សក្តានុពល​ និងឱកាស​វិនិយោគ​នៅកម្ពុជា​ ព្រមទាំងបានប្ដេជ្ញាបោះទុន​វិនិយោគ​នៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា។

សម្ដេចបវរធិបតី បានសម្តែងក្តីរីករាយចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅកម្ពុជា និងមានផែនការពង្រីកការវិនិយោគបន្ថែមទៀត។ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញ​នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ជោគ​ជ័យរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ផងដែរថា នេះជាចំណុចដ៏ល្អមួយ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាល​ផ្តល់នូបការគាំទ្រ​ និង​ផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលផលិត​នូវ​ច្រវាក់ផលិតកម្មដេីម្បីផ្តង់ផ្គង់ក្នុងស្រុក​ និង​នាំចេញ​ទៅ​ក្រៅប្រទេស៕

0 Reviews:

Post a Comment