ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, September 11, 2024

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជំរុញគ្រប់មន្ទីរក្នុងមូលដ្ឋាន ត្រូវធ្វើផែនការឱ្យបានច្បាស់លាល់ ដើម្បីកំណត់ឱ្យជាប់នូវបញ្ហាប្រឈម ក្នុងការដោះស្រាយឱ្យចំទិសដៅ

អ្នកទស្សនា: Views

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានជំរុញឱ្យគ្រប់មន្ទីរជុំវិញខេត្តទាំងអស់ ត្រូវធ្វើផែនការឱ្យបានច្បាស់លាល់ ដើម្បីកំណត់ឱ្យបាននូវបញ្ហាប្រឈម ក្នុងការដោះស្រាយឱ្យចំទិសដៅ។

ឯកឧត្តម ដៀប ពីរី បានលើកឡើងថាផែនការ គឺជាដំណើរការនៃការកំណត់គោលដៅអង្គភាព និងសម្រេចចិត្តនូវវិធីដែលល្អបំផុត ដើម្បីសម្រេចគោលដៅទាំងនោះ។ ការបង្កើតផែនការក្នុងគោលបំណងផ្ដល់នូវការតម្រែតម្រង់ចំពោះទិសដៅ កាត់បន្ថយភាពច្រំដែរ កាត់បន្ថយផែនការផ្លាស់ប្ដូរ កំណត់ស្ដង់ដា ដើម្បីសម្របសម្រួលក្នុងការត្រួតពិនិត្យ សម្រាប់ការអភិវឌ្ឍ និងដោះស្រាយបាននូវបញ្ហាប្រឈមនានា។

ឯកឧត្តម បន្តថា «ក្រៅបណ្ដាលមន្ទីរ អង្គភាព ក្រុង-ស្រុក នីមួយៗ ក៏ត្រូវយកចិត្តទុកដាក់ និងការគិតគូជាមុនផងដែរ អំពីផែនការអភិវឌ្ឍ ដែលត្រូវធ្វើដោយធ្វើការស្រង់ទិន្នន័យនានាអស់ជាមុន ដើម្បីយើងត្រៀមទទួលកិច្ចអន្តរាគមន៍ ពីប្រភពផ្សេងៗ ខណៈដែលយើងមានទិន្នន័យជាក់លាក់ និងច្បាស់លាស់ហើយ។ បើយើងរកអង្គការដៃគូផ្សេងៗ បានមកជួយដំណើរការកសាងអភិវឌ្ឍទៀតនោះ វាកាន់តែល្អប្រសើរទ្វេរឡើង»។

ឯកឧត្តម បានបន្ថែមថា ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងយកចិត្តដាក់ថែមទៀតក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដោយធ្វើយ៉ាងណាជំរុញឱ្យការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។

សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី០៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ មានបៀបវារៈរួមមានទី១ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៣ របស់ក្រុមប្រឹក្សាខេត្ត, ទី២៖ ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត, ៣៖ ពិនិត្យ និងអនុម័តសេចក្តីព្រាង ស្តីពីការកែសម្រួលប្រការ១ (ថ្មី)នៃដីកាលេខ ០១៩/២៤ដ.ក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការកែសម្រួលប្រការ១ នៃដីកាលេខ១៣៧/២២៥.ក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការបង្កើតការិយាល័យ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ, ទី៤៖ ពិនិត្យ និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ធំ និង៥៖ បញ្ហាផ្សេងៗ៕ 

0 Reviews:

Post a Comment