គណបក្សភឿថៃសម្រេចជ្រើសរើសលោកស្រី Paetongtarn Shinawatra (កូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន) ជាបេក្ខភាពនាយករដ្ឋមន្រ្តីថ្មី ដែលទទួលបានការបោះឆ្នោតអនុម័តដោយសភាពនៅថ្ងៃស្អែកសុក្រនេះ។ នេះជាអ្វីដែលគណបក្សលោកស្រី និងដៃគូចម្រុះរបស់ខ្លួនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក Srettha Thavisin អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវដកតំណែងចេញតាមដីការបស់តុលាការធម្មនុញ្ញថៃ ជុំវិញករណីរំលោភលើក្រមសីលធម៌មួយ។
មេដឹកនាំនៃសម្ព័ន្ធគណបក្សចំនួន ១១ ដែលដឹកនាំដោយគណបក្សប្រជានិយមភឿថៃរបស់លោកស្រី Paetongtarn បានប្រកាសពីសម្លេងគាំទ្ររបស់ពួកគេចំពោះលោកស្រីនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។
លោកស្រី Paetongtarn បានថ្លែងអំណរគុណដល់គណបក្សរបស់លោកស្រី និងដៃគូសម្ព័ន្ធចម្រុះសម្រាប់ការគាំទ្ររបស់ពួកគេចំពោះលោកស្រីដូចគ្នា។
លោកស្រីបញ្ជាក់ថា៖ យើងបាននាំគ្នាមកទីនេះ នៅថ្ងៃនេះ ដើម្បីបង្ហាញប្រជាជនយើងថា យើងមានការតាំងចិត្តខ្ពស់ យើងប្តេជ្ញាចិត្ត យើងរួមគ្នាក្នុងការជំរុញប្រទេសទៅមុខជាមួយគ្នា” ហើយលោកស្រី បានស្នើឱ្យប្រជាជនថៃមានការអត់ធ្មត់ជាមួយក្រុមចម្រុះ ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ន។ តាំងពីយើងចូលមក យើងម្នាក់ៗមានវិធីទំនាក់ទំនងរៀងៗខ្លួន វិធីធ្វើកិច្ចការងាររៀងៗខ្លួន ដែលលោកស្រីជឿជាក់ថាត្រូវតាមស្ដង់ដារ ដូច្នេះសូមបងប្អូនថៃចាំបន្តិច ដើម្បីឲ្យការងាររបស់អតីតនាយករដ្ឋមន្ត្រីថៃ Srettha Thavisin សម្រេចចប់សិន។ រដ្ឋាភិបាលរបស់យើងជិតដល់អាយុមួយឆ្នាំហើយ ហើយវាក៏ដល់ពេលហើយដែរដែលយើងត្រូវធ្វើអ្វីដែលថ្មីសម្រាប់ប្រទេសមួយនេះ។
លោកស្រីបញ្ជាក់ទៀតថា ប្រសិនបើលោកស្រី ត្រូវបានសភាអនុម័តនៅក្នុងការឈរឈ្មោះបោះឆ្នោត នោះលោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីររបស់ប្រទេសថៃបន្ទាប់ពីម្តាយមីងលោកស្រី គឺលោកស្រី Yingluck Shinawatra និងក្លាយជាមេដឹកនាំទីបីរបស់ប្រទេសថៃចេញពីត្រកូលស៊ីណាវ៉ាត្រា។ មានសំណួរសួរថាតើឪពុករបស់លោកស្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងជួយលោកស្រីឬអត់ ប្រសិនបើលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ស្រាប់តែលោកស្រីបាននិយាយថា "គាត់តែងតែផ្តល់ដំបូន្មានដល់ខ្ញុំក្នុងរឿងជាច្រើនដែលខ្ញុំធ្វើ" "ហើយនៅក្នុងគ្រួសាររបស់យើង យើងតែងតែលើកទឹកចិត្តគ្នាជាញឹកញាប់ ហើយគាត់នឹងនៅតែផ្តល់ដំបូន្មានសម្រាប់ខ្ញុំនៅពេលខ្ញុំទៅពិគ្រោះជាមួយគាត់គ្រប់ពេល”។
អ្នកវិភាគនិយាយថាការបោះឆ្នោតរបស់លោកស្រីនៅថ្ងៃសុក្រនេះគឺអាចមានលទ្ធភាពខ្ពស់ ដោយសារលោកស្រីមានសម្លេងគាំទ្រពីដៃគូចម្រុះច្រើនពីគណបក្សលោកស្រី ដែលសម្លេងរួមគ្នានោះគឺមានអាសនៈគ្រប់គ្រាន់ដើម្បីឈ្នះសំឡេងភាគច្រើននៅក្នុងសភាថៃ។ ប៉ុន្តែប្រជាប្រិយភាពរបស់លោកស្រីជាមួយមហាជនទូទៅគឺមិនសូវជាល្អប៉ុន្មានទេ។ កន្លងទៅយោងតាមការស្ទង់មតិថ្នាក់ជាតិនៅដំណាច់ខែមិថុនាបានរកឃើញអត្រាយល់ស្របជាមួយលោកស្រីគឺតិចជាង 5% ឯណោះ៕ អត្ថបទ ទទក
0 Reviews:
Post a Comment