ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, October 7, 2021

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្រើនរម្លឹកបងប្អូនប្រជាពលរដ្ឋ កុំសប្បាយភ្លេចខ្លួន រហូតក្លាយជាទុក្ខ

អ្នកទស្សនា: Views



 ភ្នំពេញ: ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ 

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយ ឬក្រុមណាមួយនោះ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុនៃការចម្លងរោគកូវីដ-១៩ រាតត្បាតធំធេង ដល់គ្រួសារ និងអ្នកដទៃ ដែលនឹងបង្កជាទុក្ខនៅក្នុងសហគមន៍ ដែលបុគ្គលនោះរស់នៅក្រោយពេលបុណ្យភ្ជុំបិណ្ឌ ហើយដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតមនុស្សជាទីស្រឡាញ់របស់ខ្លួន។

លោកជំទាវ បានក្រើនរម្លឹកដូច្នេះ បន្ទាប់ពីមានការដើរកម្សាន្តយ៉ាងច្រើនកុះករទៅកាន់រមណីយដ្ឋាននានា របស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ដោយលោកជំទាវសង្កត់ធ្ងន់ថា ៖ “ក្រោយពីខ្ញុំបានឃើញរូបភាពដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងមួយចំនួនមក ខ្ញុំមានការបារម្ភខ្លាំងណាស់ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រើនកុះករពេក ហើយមិនមានអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានត្រឹមត្រូវ។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រើនហួសប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសពពួក “ដែលតា” កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ដូចនេះហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមានះចង់ចូលទៅលេងទឹក ឬកម្សាន្តបែបយុវវ័យជុំៗគ្នាច្រើន ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ និងសមត្ថកិច្ច”។

លោកជំទាវ បានបន្ថែមថា បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុះជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រើន ឬនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រើន និងនៅជិតកៀកៗគ្នា) ដោយមិនមានអនុវត្ត វិធានការការពារខ្លួន នេះឯង។ តាមរូបភាពដែលលោកជំទាវ បានឃើញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ទាល់តែសោះ។ ជាការពិតហើយដែលបងប្អូនចង់លេងសប្បាយ ក៏ប៉ុន្តែមិនត្រូវឱ្យការសប្បាយរបស់ខ្លួនក្លាយជាការកើតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩ នោះទេ។ ត្រូវចងចាំថា “ ជីវិតយើងមានតែមួយគត់ បើស្លាប់បាត់ទៅ តើការសប្បាយ តែមួយភ្លែត ឬមួយថ្ងៃ ជាផលចំណេញសម្រាប់បុគ្គលដែរទេ? ហើយយើងអាចនៅមានពេល និងទីកន្លែងច្រើនទៀត ដើម្បីស្វែងទៅរកការកម្សាន្តសប្បាយ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដែលយើងអាចរៀនរស់នៅ បានយូរអង្វែង ជាមួយនឹងការវិវត្តនៃវីរុសបំប្លែងកូវីដ-១៩។

តាមរយៈការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកម្សាន្តសប្បាយរបស់យើង ចាំបាច់ត្រូវធ្វើតាមបែប "សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” នោះទើបយើងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ។

ជាថ្មីម្តងទៀត លោកជំទាវ បានរម្លឹកថា ៖ “ទោះជាបុគ្គល និងក្រុមគ្រួសារ ដើរកម្សាន្តនៅទីណាក៏ដោយ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្ត “៣ការពារ និង៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ត្រូវរួមគ្នាបញ្ចៀសឱ្យបាននូវការចម្លងបន្តគ្នា ដែលជាមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចជាតិ និងត្រូវចេះជួយដាស់តឿនគ្នា រម្លឹកគ្នាទៅវិញទៅមក ក្នុងពេលដើរកម្សាន្ត នូវក្បួនការពារខាងលើនេះ ជាចាំបាច់ ដើម្បីសេចក្តីសុខ និងសុខភាពល្អផ្ទាល់ខ្លួន និងក្រុមគ្រួសារមានសុវត្ថិភាព ហើយមិនត្រូវនាំវីរុសកូវីដ-១៩ មកចម្លងក្រុមគ្រួសាររបស់ខ្លួនឡើយ ជាពិសេសជនវ័យចាស់ និងវ័យចាស់ជរា៕ ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ dara

0 Reviews:

Post a Comment