(កំពង់ធំ)៖ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំអនុញ្ញាតឲ្យសាលារៀនចំនួន២៩០ សាលាក្នុងខេត្តដែលមានហានីភ័យទាបបើកដំណើរការនៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ ។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំជាមួយនឹងអាជ្ញាធរក្រុងស្រុកនិងអង្គភាពពាក់ព័ន្ធដើម្បីរកដំណោះស្រាយក្នុងការបើកសាលារៀនឡើងវិញនៅរសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១។
ជាមួយគ្នានេះឯកឧត្តមបានបន្តថាដើម្បីបើកដំណើរការសាលារៀនឡើងវិញបានអាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលហើយលោកនាយក នាយិកាសាលា ដែលជាអ្នកគ្រប់គ្រងសាលារៀននីមួយៗត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើអនាម័យបន្ទប់រៀនមុនពេលចាប់ផ្តើមអនុញ្ញាតឲ្យសិស្សចូលសិក្សាឡើងវិញ និងបានត្រៀមខ្លួនរួចជាស្រេចនូវកន្លែងលាងសម្អាតដៃ ទឹកអាល់កុល ម៉ាស ម៉ាស៊ីនវាស់កំដៅជាដើមដែលសម្ភារទាំងអស់នេះបានមកពីការចំណាយរបស់សាលាផង ពីសហគមន៍ផង និងសិស្សផងហើយទន្ទឹមគ្នានេះសាលារៀនត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារនិងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។ ជាមួយគ្នានេះមាតាបិតាអាណាព្យាបាលសិស្សទាំងអស់មេត្តាចូលរួមផ្គត់ផ្គង់កូនៗរបស់ខ្លួនដោយមានម៉ាស ម្ហូបអាហារ ទឹកស្អាត ព្រោះថាក្រសួងអប់រំមិនអនុញ្ញាតលក់ចំណីអាហារក្នុងសាលារៀនឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថាបើតាមគោលការណ៍ណែនាំរបស់ក្រសួងបានតម្រូវឲ្យសិស្សថ្នាក់ទី៩និងទី១២ ចូលរៀនមុនគេតាមជំហានៗព្រោះសុទ្ធតែជាថ្នាក់ប្រលងនិងជំហានក្រោយទៀតចំពោះសិស្សណាដែលស្ថិតនៅតំបន់គ្មានហានិភ័យបានចូលរៀនជាបន្តបន្ទាប់ចំពោះសិស្សដែលមានលទ្ធភាពត្រូវរៀនតាមប្រព័ន្ធអនឡានទៅតាមទីកន្លែងជាក់ស្តែង។
ជាមួយគ្នានេះដែរឯកឧត្តមបានអំពាវនាវដល់មាតាបិតាសិស្ស សប្បុរសជន បណ្ដាក្រុមហ៊ុន សូមចូលរួមគាំទ្រជាសម្ភារៈដើម្បីបើកដំណើរការសាលារៀនឡើងវិញប្រព្រឹត្តទៅដោយរលូន ហើយមាតាបិតាត្រូវតាមដានសុខភាពរបស់កូនជាប្រចាំ ។
តាមការបញ្ជាក់ពីលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានឲ្យដឹងថា គ្រឹះស្ថានសិក្សារដ្ឋក្នុងខេត្តមានចំនួន៧៩៧ ថ្នាក់រៀនមានចំនួន៤៩០៦ ថ្នាក់ សិស្សចំនួន១៥៥,៩៣៣នាក់ ស្រីចំនួន៧៩,៣០៧នាក់ ។ ក្នុងនោះការបើកដំណើរការសាលាមាន២៩០ សាលា មាន វិទ្យាល័យ ១៦ សាលា អនុវិទ្យាល័យ ៤៤សាលានិងបឋមសិក្សា២៣២ សាលា ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ ធូ កុសល
0 Reviews:
Post a Comment