ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Sunday, August 22, 2021

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ផ្លែមៀនចំនួន ១០តោន ជូនរដ្ឋបាលខេត្តស្វាយរៀង

អ្នកទស្សនា: Views


 ស្វាយរៀង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងបានប្រគល់ផ្លែមៀន(តាង៉ែន) ចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវក្តីនឹករលឹកនិងការគិតគូរអំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ លោកជំទាវកិត្តិសង្គហបណ្ឌិតបន្ដថា ការប្រគល់នូវផ្លែមៀន (តាង៉ែន) នេះគឺស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ ដោយបានបញ្ជាឱ្យឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ។

លោកជំទាវឧបនាយករដ្ឋមន្រ្តីបានបន្តទៀតថា បើទោះបីជាស្ថានភាពឆ្លងក្នុងមួយរយៈពេលចុងក្រោយនេះបានធ្លាក់ចុះយ៉ាងណាក៏ដោយ លោកជំទាវក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តន៍តាម វិធានការណ៍របស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ប្រជាកសិករមួយចំនួនបានត្អូញត្អែរអំពីការពិបាក នៅក្នុងការលក់កសិផលរបស់ខ្លួន ជាពិសេសផ្លែមៀន និងតាង៉ែនតែម្ដង ដែលដល់ពេលប្រមូលផលហើយ មិនអាចលក់ចេញបាន ដោយសារតែប្រទេសថៃ បានបិទមិនឱ្យនាំចូល ខណៈប្រទេសនេះ កំពុងរងការរាតត្បាត នៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ។ ចំពោះផ្លែមៀន (តាង៉ែន) ចំនួន១០តោនក៏ត្រូវបានប្រគល់ជូនដល់ ក្រុង-ស្រុកទាំង៨ មន្ទីរពេទ្យខេត្តស្វាយរៀង កងម្លាំងទាំងបីប្រភេទ និងមន្ទីរនានាជុំវិញខេត្តស្វាយរៀង ៕


0 Reviews:

Post a Comment